និវេសនដ្ឋានទូតជប៉ុន, ១៨ ឧសភា ២៤៖ ក្នុងពិធីពិសារអាហារថ្ងៃត្រង់និងផ្លាស់ប្ដូរយោបល់ពីស្ថានការតំបន់និងអន្តរជាតិ បញ្ហាមីយ៉ាន់ម៉ា, សង្គ្រាមមជ្ឈិមបូព៌ា និងសង្គ្រាមរុស្សី-អ៊ុយក្រែន, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍នឹង ឯកឧត្តម UENO Atsushi អគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថា “ឧបករណ៍សង្គ្រាមគឺជាផ្នែកមួយនៃការរីកលូតលាស់នៃបច្ចេកវិទ្យា។ប្រសិនបើពិភពលោកផ្លាស់ប្ដូរពីការប្រើប្រាស់បច្ចេកវិទ្យាធ្វើសង្គ្រាម មកប្រើក្នុងវិស័យសេដ្ឋកិច្ចវិញ ការរីកចម្រើននឹងមានកម្រិតខ្លាំងក្លា"។
វិមានព្រឹទ្ធសភា, ១៧ ឧសភា ២៤៖ ទទួលជួបពិភាក្សាជាមួយសមាជិកព្រឹទ្ធសភាប្រចាំតំបន់ Seine-et-Marne ប្រទេសបារាំង សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធអរគុណចំពោះការវិនិយោគលើស្ថានីយ៍ទឹកស្អាតបាក់ខែង និងបានសំណូមពរឱ្យជួយជំរុញការវិនិយោគបារាំងបន្ថែមទៀត មកកម្ពុជាក្នុងវិស័យផ្សេងៗ និងដាស់ តឿនបារាំងឱ្យយកចិត្តទុកដាក់បង្កើតមជ្ឈមណ្ឌលភាសាបារាំង ដែលពីមុនមានអ្នកនយោបាយបារាំងខ្លះបានបដិសេធនោះ ឡើងវិញ។
១៥ ឧសភា ២៤, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានបង្ហាញ Channel Telegram ផ្លូវការមួយដែលមានឈ្មោះ Samdech Hun Sen of Cambodia/hunsenchat សម្រាប់បងប្អូនសរសេរជា Comment ឆ្លើយតបសារ ឬ Post អ្វីមួយៗ នៅក្នុងនេះបាន។
វិមានព្រឹទ្ធសភា, ១៤ ឧសភា ២៤៖ ទទួលជួបលោកជំទាវ Ping M.kitnikone ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាន “សម្ដែងក្ដីរីករាយដែលទំហំពាណិជ្ជកម្មប្រទេសទាំងពីរមិនត្រឹមតែមិនមានការប្រែប្រួល ទោះបី ជួបជំងឺកូវីដ-១៩ និងភូមិសាស្ត្រនយោបាយប៉ុណ្ណោះទេ តែធនាគារ ABA នៅបានចូលរួមចំណែកជួយជំរុញវិស័យពាណិជ្ជកម្មឌីជីថល ដែលកំពុងពេញនិយមក្នុងការទូទាត់ទំនិញផ្សេងៗ និងការចាយវាយប្រាក់សម្រាប់ប្រជាពលរដ្ឋកម្ពុជា”។
វិមានព្រឹទ្ធសភា, ០៩ ឧសភា ២៤៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១ ដើម្បី សំរេចអំពី (១) ការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ, (២) ការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភា, (៣) ការចាត់តាំងក្រុមជនបង្គោលប្រឆាំងអំពើពុករលួយរបស់ព្រឹទ្ធសភា, និង (៤) ការចាត់តាំងគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា។
វិមានព្រឹទ្ធសភា, ០៨ ឧសភា ២៤៖ ទទួលជួបឯកអគ្គរាជទូត Qatar, ឯកឧត្តម Khalid Ali Abdullh Abel, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជូនមតិថា Qatar ដែលមានសន្តិសុខថាមពល គួរតែបើកស្ថានទូតផ្ទាល់នៅកម្ពុជា ដែលជាប្រទេសធានាបានសន្តិសុខស្បៀង ក្នុងនោះផលិតផលកសិកម្មច្រើន ពិសេសគឺស្រូវ និងគ្រាប់ស្វាយចន្ទី។ សម្តេចស្នើថា Qatar ជួយជំរុញឱ្យប្រទេសទាំងពីរ ទី១) សំរេចបានកិច្ចព្រមព្រៀងការពារវិនិយោគ ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិន និងទី២) មានកិច្ចព្រមព្រៀងស្តីពីការពុំយកពន្ធត្រួតគ្នា ក៏ដូចជាសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
០៧ ឧសភា ២៤, វិមាន៧មករា៖ ជួប ជាមួយប្រតិភូនិស្សិតជ័យលាភីអាហាររូបករណ៍ទៅសិក្សានៅអូស្ត្រាលីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បង្ហាញក្តី “សង្ឃឹមថាជ័យលាភីទាំងអស់នឹងក្លាយធនធានមនុស្សដ៏ពូកែ បំពេញការសិក្សាដោយមិនភ្លេចទឹកដីកំណើត និងការលះបង់របស់ឪពុកម្ដាយ ជីដូនជីតា ដែលបានខិតខំតស៊ូក្រោយថ្ងៃរំដោះមកដល់ពេលនេះ ធ្វើអោយមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយក្រៅពីមុខវិជ្ជាដែលបានកំណត់ ក៏គប្បីខិតខំសិក្សាមុខវិជ្ជាផ្សេងៗ ទៀត។
០៧ ឧសភា ២៤, វិមាន៧មករា៖ជួបសន្ទនាតាមប្រព័ន្ធវីដេអូ, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានស្នើឯកឧត្តម Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលនៃសាធារណរដ្ឋ មីយ៉ាន់ម៉ា ពិចារណារៀបចំអោយមានជំនួបជាមួយលោកជំទាវ Aung San suu kyi ក្នុងគោលបំណងសួរសុខទុក្ខ ត្បិតលោកជំទាវធ្លាប់ជាសហការីក្នុងកិច្ចការអាស៊ានជាមួយគ្នាច្រើនឆ្នាំ។
០៣ ឧសភា ២៤, វិមានព្រឹទ្ធសភា៖ ជួបពិភាក្សាការងារជាមួយលោក ICHIRO KASHITANI ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Toyota Tsusho Corporation សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធភាថ្លែងថា “ក្នុងរយៈពេល៨ខែកន្លងទៅនេះ រាជរដ្ឋាភិបាលបានដំណើរការទៅរលូន ពុំមានបញ្ហាអស្ថិរភាព ឬការប្រែប្រួលណាមួយឡើយ។ សូមឱ្យអ្នកវិនិយោគជឿជាក់ ហើយគួរនាំគ្នាមកវិនិយោគនៅកម្ពុជា”។ សម្ដេចតេជោ ស្នើឱ្យក្រុមហ៊ុនជួយបណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញរថយន្ត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។